នៅរសៀលថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហៃហ្វុង​ (Hai Phong) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយទីក្រុងហៃហ្វុង និងខេត្តក្វាងនិញ (Quang Ninh) បាក់និញ (Bac Ninh) និញប៊ិញ (Ninh Binh) និងហ៊ឹងអៀន (Hung Yen) ដើម្បីអនុវត្តន៍ការណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ស្តីពីការអភិវឌ្ឍលំនៅឋានជួលនៅក្នុងតំបន់ទាំងនេះ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍលំនៅឋានជួលគឺជាគោលនយោបាយសំខាន់មួយដែលត្រូវបានបក្ស និងរដ្ឋកំណត់យ៉ាងច្បាស់លាស់ នៅក្នុងការណែនាំថ្មីៗរបស់គណៈលេខា និងសេចក្តីសន្និដ្ឋានរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ។ ដូច្នេះ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវតែបង្រួបបង្រួមការយល់ដឹង ដោយចាត់ទុកថានេះជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ពិសេសលើតម្រូវការក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីដំណាក់កាលស្រាវជ្រាវទៅដំណាក់កាលអនុវត្តន៍។ តាមនោះ មូលដ្ឋាននីមួយៗត្រូវតែខិតខំបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានជួលយ៉ាងហោចណាស់មួយគម្រោងនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ហើយបន្តអនុវត្តន៍គម្រោងទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី៣ ឬទី៤ ក្នុងឆ្នាំ២០២៦៕