យោងតាម​លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សន្និបាតលើក​នេះ បានបង្ហាញយ៉ាងច្បាស់​នូវជំហានដ៏សំខាន់មួយ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត​នៃមហាសន្និបាតបក្សលើកទី១៤ ដោយផ្សារភ្ជា​ប់ការកសាងបក្សជាមួយនឹងអភិបាលកិច្ចជាតិ និងការអភិវឌ្ឍ​ប្រទេស​ជាតិ។ សេចក្តីសម្រេចចិត្តទាំងនេះ សំដៅលើក​កម្ពស់សមត្ថភាពដឹកនាំ ការអនុវត្ត និងការកៀរគរកម្លាំ​ង​របស់​ប្រជាជាតិទាំងមូល។

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​បានសង្កត់ធ្ងន់លើលទ្ធផលសំខាន់ៗចំនួនប្រាំនៃសន្និបាត។ គណៈកម្មាធិការមជ្ឈិមបានយល់ព្រមជាឯកច្ឆ័ន្ទ លើទិសដៅនៃការស្រាវជ្រាវលើបញ្ហាជាមូលដ្ឋានរបស់បក្ស និងមាគ៌ាអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស​ជាតិ​។ គណៈកម្មាធិការ​មជ្ឈិមបានអនុម័តលើ​សេចក្តីព្រាង​បូកសរុបរយៈពេល ១០០ ឆ្នាំបក្សដឹកនាំបដិវត្តន៍វៀតណាម ដោយគូសបញ្ជាក់ពីទិសដៅសម្រាប់ការអភិវឌ្ឍប្រទេស​ជាតិក្នុងរយៈពេល ១០០ ឆ្នាំខាងមុខ; បូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្ត​កម្មវិធីនយោបាយសម្រាប់កសាងប្រទេសជាតិ​ក្នុងអន្តរកាលឈានឡើងសង្គមនិយម; និងការ​ស្រាវជ្រាវ​ធ្វើវិសោធនកម្មនិងបំពេញបន្ថែម​លក្ខន្តិកៈបក្ស​។ នេះជាមូលដ្ឋានគ្រឹះសម្រាប់​បូកសរុបនូវ​បទពិសោធន៍ជាក់ស្តែង ការអភិវឌ្ឍទ្រឹស្តី និងការធ្វើសុក្រឹត្យនូវមូលដ្ឋានស្ថាប័នរបស់បក្ស​។

«​គណៈកម្មាធិការ​មជ្ឈិមបានអះអាង​បន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិម៉ាក្ស - លេនីន មនោគមន៍វិទ្យាហូជីមិញ គោលដៅនៃឯករាជ្យជាតិ និងសង្គមនិយម; អភិវឌ្ឍទ្រឹស្តីពីការអនុវត្តជាក់​ស្តែង​របស់វៀតណាម និងការស្រូបយកដោយមានការជ្រើសរើស​នូវ​វឌ្ឍនភាពរបស់មនុស្សជាតិ។ សេចក្តី​បូកសរុបត្រូវតែបញ្ជាក់ឱ្យច្បាស់អំពីមេរៀនទាក់ទងនឹងការជ្រើសរើសគោលមាគ៌ា ការចាប់យកឱកាស ការបង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល និងការផ្លាស់​ប្តូរថ្មីដោយខ្លួន​ឯង ការកែតម្រូវខ្លួនឯងរបស់បក្ស​; ពន្យល់ទាំងភាពជោគជ័យនិងដែនកំណត់។ សេចក្តីបូកស្រុបត្រូវតែ​ផ្តល់មូលដ្ឋានទ្រឹស្តីសម្រាប់ការសម្រេចចិត្តគោលនយោបាយនាពេលខាងមុខ ដោយកំណត់បញ្ហាថ្មីៗដែលត្រូវការស្រាវជ្រាវ និងដោះស្រាយ។ ចក្ខុវិស័យឆ្នាំ ២០៣០-២១៣០ តម្រូវឱ្យមានការត្រៀ​​ម​រៀបចំសមត្ថភាព និងលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍរយៈពេលវែង ដោយមានការទទួលខុស​ត្រូវចំពោះមនុស្សជំនាន់ក្រោយ»​។

គណៈកម្មាធិការមជ្ឈិមបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើនការកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ រឹងមាំ គ្រប់ជ្រុងជ្រោយ បំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។ មជ្ឈិមបានអនុម័តលើសេចក្តីសម្រេចចិត្តថ្មីស្តីពីការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំ និងកាន់អំណាចរបស់បក្សផងដែរ។

មជ្ឈិមបានសម្រេចចិត្តកែទម្រង់ការងារកម្មាភិបាល និងគោលនយោបាយសម្រាប់ទាក់ទាញ និងប្រើប្រាស់មនុស្សដែលមានទេពកោសល្យ ត្រៀមរៀបចំជួរបុគ្គលិកដើម្បីបំពេញតម្រូវការ អភិវឌ្ឍប្រទេសជាតិ។ ហើយក្នុងពេលជាមួយគ្នានោះ បានអនុម័តលើគម្រោង "យុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ ប្រើប្រាស់ និងអភិវឌ្ឍន៍ទេពកោសល្យក្នុងវិស័យសំខាន់ៗ ដើម្បីបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ"។

ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ គោលនយោបាយថវិកា និងការពង្រីកធនធានសម្រាប់ការទម្លុះទម្លាយនៅឆ្នាំ ២០២៧ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា៖

“គណៈកម្មាធិការមជ្ឈិមបានឯកភាពគ្នាលើគោលដៅ ភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៧ ដោយខិតខំសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបពី ១០% ឡើងទៅ ការកើនឡើង CPI ជាមធ្យមប្រហែល ៤,៥% រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗ។ ឆ្នាំ២០២៧ ត្រូវតែបង្កើនលឿន ទម្លុះទម្លាយ បង្កើតសន្ទុះ និងកម្លាំងសម្រាប់ឆ្នាំបន្តបន្ទាប់។ កំណើនខ្ពស់ត្រូវតែផ្អែកលើផលិតភាព ការប្រកួតប្រជែង ភាពខ្លួនទីពឹងខ្លួន និងមូលដ្ឋានគ្រឹះដែលមានស្ថិរភាពរយៈពេលវែង ដោយដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាព សមភាពសង្គម ការការពារបរិស្ថាន និងលើកកំពស់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ”៕