កាលពីថ្ងៃទី ២៧ ខែឧសភា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធបានធ្វើឡើងដើម្បីស្តាប់រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla ចែករំលែកព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសគុយបា ក្នុងបរិបទដែលការដាក់ទណ្ឌកម្ម ការហ៊ុំព័ទ្ធ ការឡោមព័ទ្ធ និងការបង្ខិតបង្ខំដោយឯកតោភាគីប្រឆាំងនឹងគុយបា បន្តត្រូវបានរឹតបន្តឹង។

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla បានថ្លែងថា ការឡោមព័ទ្ធនិងហ៊ុំព័ទ្ធ កំពុងបង្កការលំបាកយ៉ាងសំខាន់សម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជនគុយបា ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជាថាមពល ស្បៀងអាហារ និងការថែទាំសុខភាព ព្រមទាំងបង្កើនការព្រួយបារម្ភអំពីការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងប្រឆាំងនឹងគុយបាផងដែរ។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សាមគ្គីភាពជាមួយប្រជាជាតិដែលកំពុងប្រឈមមុខនឹងសម្ពាធ ការគាបសង្កត់ និងអយុត្តិធម៌ ជានិច្ចកាលជាតម្លៃស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃឯករាជ្យភាព សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការរួមរស់ដោយសន្តិភាព។ តំណាងវៀតណាមបានអំពាវនាវដល់រដ្ឋជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ បន្តបង្រីកស្មារតីសាមគ្គីភាព បញ្ចេញសំឡេងយ៉ាងខ្លាំងប្រឆាំងនឹងការឡោមព័ទ្ធនិងការហ៊ុំព័ទ្ធទៅលើប្រទេសគុយបា តាមនោះរួមចំណែកការពារគោលការណ៍ជាមូលដ្ឋាននៃចលនា៕