ជារៀងរាល់ឆ្នាំ នៅក្នុងខែទីបីតាមច័ន្ទគតិ តំបន់ដីពិសិដ្ឋ ងៀលីញ (ចំណុះឃុំ ហី កឿង ខេត្ត ភូ ថ) បានក្លាយជាចំណុចប្រមូលផ្តុំនៃស្មារតីមហាសាមគ្គីជាតិ។ ប្រជាជនវៀត ណាមមកពីគ្រប់ទិសទីទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីវិលត្រឡប់ទៅរកអត្តសញ្ញាណ ចងចាំឫសគល់ខ និងដើម្បីកាន់តែស្រឡាញ់ និងមានមោទនភាពចំពោះពាក្យថា “ជនរួមជាតិ”។

ចាប់ពីព្រឹកព្រលឹម លំហូរនៃអ្នកធ្វើធម្មយាត្រាទៅកាន់ទឹកដីដូនតា បានលាតសន្ធឹងពីជើងភ្នំពិសិដ្ឋ ងៀ លីញ រហូតដល់វិហារ ធឿង ជាទីសក្ការៈបូជាបណ្តាស្តេចហ៊ុង ដែលបានបង្កើតរដ្ឋវ៉ាន់ឡាង ដែលជារដ្ឋដំបូងបំអស់នៃជនជាតិឡាក់វៀតបុរាណ។ ទោះបីជាថ្ងៃស្អែក ពោលគឺ ថ្ងៃទី១០ នៃខែទី៣ តាមច័ន្ទគតិ គឺជាថ្ងៃបុណ្យសំខាន់ក៏ដោយ ប៉ុន្តែ មនុស្សជាច្រើនបានជ្រើសរើសមកវិហារហ៊ុងតាំងពីព្រឹកព្រលឹម ដើម្បីមានពេលវេលាសម្តែងនូវការដឹងគុណចំពោះបណ្តាស្តេចហ៊ុង។ ដោយមិនគិតពីអាយុ ឬតំបន់ទេ មនុស្សគ្រប់គ្នាងាកទៅរកបុព្វបុរសដោយការគោរពយ៉ាងជ្រាលជ្រៅ។

អ្នកធ្វើធម្មយាត្រាមិនត្រឹមតែមកពីខេត្ត និងទីក្រុងជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីអ្នកដែលបានធ្វើដំណើរចម្ងាយឆ្ងាយ ពីតំបន់ភាគកណ្តាលដែលមានពន្លឺថ្ងៃចែងចាំង និងមានខ្យល់បក់ខ្លាំង ពីទឹកដីភាគខាងត្បូងឆ្ងាយ ឬពីតំបន់ព្រំដែនព្រៃភ្នំនៃភាគខាងជើង ដើម្បីមានវត្តមាននៅទីនេះ មុនថ្ងៃប្រារព្ធពិធីបុណ្យសំខាន់។

"យើងបានចេញដំណើរនៅពាក់កណ្តាលអធ្រាត្រនៅយប់មុន ហើយបានមកដល់ទីនេះនៅម៉ោង ៥ ព្រឹក។ យើងពិតជារីករាយយ៉ាងខ្លាំង ដែលបានមកទីនេះ ដូច្នេះភាពអស់កម្លាំងទាំងអស់បានរលាយបាត់ទៅ”។

"ក្រុមគ្រួសារខ្ញុំបានចាកចេញពីផ្ទះនៅម៉ោងជាង ៤ ព្រឹក។ ខ្ញុំមកទីនេះ ហើយឃើញថា មនុស្សគ្រប់គ្នាក៏កំពុងរង់ចាំធ្វើដំណើរឡើងភ្នំសែន ដូចក្រុមគ្រួសាររបស់ខ្ញុំដែរ។ យើងពិតជាអន្ទរសារណាស់ ដោយរង់ចាំថា ឆាប់ៗនេះនឹងអាចអុជធូប និងដាក់ផ្កាជូនដល់បណ្តាស្តេចហ៊ុង”។

នៅកណ្តាលបរិយាកាសដ៏ពិសិដ្ឋនៃទឹកដីដូនតា មោទនភាពជាតិហាក់ដូចជាជ្រាបកាន់តែជ្រៅនៅក្នុងបេះដូងប្រជាជនវៀតណាមគ្រប់រូប។ វិហារហ៊ុងមិនមែនគ្រាន់តែជាទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជានិមិត្តរូបខាងស្មារតីយ៉ាងជ្រាលជ្រៅ។ នៅកន្លែងប្រវត្តិសាស្ត្រជាតិពិសេសនេះ បរិយាកាសនៃពិធីបុណ្យគឺទាំងឧឡារិកជាមួយនឹងពិធីប្រពៃណីផង រួមទាំងរស់រវើកជាមួយនឹងការបញ្ចូលគ្នានៃពណ៌វប្បធម៌ស្រស់ស្អាតផង។

នៅក្នុងអារម្មណ៍របស់ប្រជាជនវៀតណាម កូនចៅវៀតណាមគ្រប់រូបគឺកើតចេញពីស៊ុតមួយរយរបស់អ្នកម្តាយអូវ កឹ។ រឿងព្រេងនិទាននោះបានដាស់អារម្មណ៍អំពីភាតរភាពរបស់ប្រជាជាតិនិងមនោសញ្ជេតនារបស់ជនរួមជាតិ ដោយផ្សាភ្ជាប់មនុស្សគ្រប់គ្នាក្លាយទៅជាផែនមហាសាមគ្គីភាព។ មិនថាអ្នកនៅទីណាក៏ដោយ បេះដូងរាប់លានបានងាកទៅរកទឹកដីពិសិដ្ឋងៀលីញ។

"នេះជាលើកដំបូងដែលខ្ញុំមកដល់ទីនេះ ចំទៅនឹងទិវាបុណ្យ មានមនុស្សច្រើនណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ប្រជាជនវៀតណាមរស់នៅដោយអារម្មណ៍ដឹងគុណ"។

"ឃើញក្រសែភ្នែក និងស្នាមញញឹមរបស់មនុស្សគ្រប់គ្នាដែលមកទីនេះ ដោយមិនគិតពីជនជាតិឡើយ។ ពោលគឺ មនុស្សគ្រប់គ្នាគឺដូចជាបងប្អូនក្នុងគ្រួសារតែមួយអញ្ជឹង គឺជិតស្និទ្ធនឹងគ្នាណាស់"។

ចំណងផ្សាភ្ជាប់សហគមន៍ដ៏យូរអង្វែងនេះ បានផ្លាស់ប្តូរពាក្យថា "ជនរួមជាតិ" ទៅជាប្រភពនៃកម្លាំងផ្ទៃក្នុងដ៏ធំធេងរបស់ប្រទេសជាតិ។ នៅក្នុងលំហដ៏ពិសិដ្ឋនៃទឹកដីដូនតា ដំណើរវិលត្រឡប់ទៅរកឫសគល់មិនត្រឹមតែសម្រាប់ជនជាតិវៀតណាមម្នាក់ៗ ដើម្បីឆ្លុះបញ្ចាំងពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីស្វែងរកទីបង្អែកខាងស្មារតីដ៏រឹងមាំបំផុតផងដែរ។

ក្នុងចំណោមហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នាទៅកាន់ទឹកដីដូនតាក្នុងប៉ុន្មានថ្ងៃនេះ តំបន់បេតិកភណ្ឌវិហារហ៊ុងថែមទាំងបានទទួលស្វាគមន៍អ្នកដែលវិលត្រឡប់មកពីគ្រប់ទិសទីទូទាំងពិភពលោក។ សម្រាប់បងប្អូនជនរួមជាតិ ដំណើរឡើងជណ្តើរថ្មចំនួន ៥០០ កាំ ទៅកាន់វិមាន គីញធៀន នៅលើកំពូលភ្នំ ងៀលីញ គឺជាការឆ្លងពិសោធន៍ដ៏ពិសិដ្ឋមួយ។

វត្តមានរបស់ជនរួមជាតិ មកពីជុំវិញពិភពលោកនៅទឹកដីដូនតា គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃភាពរឹងមាំនៃប្រពៃណី "ផឹកទឹកនឹកដល់ប្រភពដើម"។ ទោះបីជាមានចម្ងាយភូមិសាស្ត្រក៏ដោយ ប៉ុន្តែចំណងវប្បធម៌នៃឫសគល់ នៅតែបន្តនាំអ្នទាំងនេះវិលត្រឡប់មកវិញ ដោយថ្វាយធូបដល់បុព្វបុរស មិនត្រឹមតែជាកាយវិការផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ពីអត្តសញ្ញាណវៀតណាមដែលមិនដែលរសាត់បាត់នៅក្នុងដួងចិត្តរបស់អ្នកដែលរស់នៅក្រៅប្រទេសផងដែរ។

ទិវារំលឹកខួបដូនតា មិនត្រឹមតែជាឱកាសមួយដើម្បីចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាសម្រាប់ប្រជាជនវៀតណាមគ្រប់រូបនាពេលបច្ចុប្បន្ននេះឱ្យកាន់តែយល់ដឹងអំពីការទទួលខុសត្រូវរបស់ប្រជាជនវៀតណាមក្នុងការថែរក្សាប្រទេសជាតិ និងសេចក្តីប្រាថ្នាចំពោះការអភិវឌ្ឍប្រទេសជាតិសម្បូររុងរឿងវិបុលភាព។ ដូចសុភាសិតមួយបាននិយាយថា "មនុស្សមានបុព្វបុរស ដូចជាដើមឈើមានឫស និងទន្លេមានប្រភព" អញ្ជឹង ដំណើរដ៏ពិសិដ្ឋនៃការតបស្នង់សង់គុណនេះបានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីសច្ចធម៌របស់ប្រជាជនវៀតណាមគឺ "ផឹកទឹក នឹកដល់ប្រភពដើម”៕