នៅតាមប៉ុស្តិ៍កងទ័ពការពារព្រំដែន តាមបណ្តោយព្រំដែនខេត្តឡាង សើន ការរៀននិងប្រើប្រាស់ភាសាជនជាតិ បានក្លាយជាតម្រូវការជាប្រចាំសម្រាប់កម្មាភិបាល និងយុទ្ធជន។ តាមនោះ ពេលផ្សព្វផ្សាយកាន់តែងាយស្រួលទាក់ទង ងាយយល់ និងសមស្របសម្រាប់ក្រុមគោលដៅនីមួយៗ។
ការផ្លាស់ប្តូរជាភាសាជនជាតិ មិនត្រឹមតែជួយបង្ហាញព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះវប្បធម៌ក្នុងមូលដ្ឋានទៀតផង។ ប្រការនះ ជួយបង្រួមគម្លាត បង្កើតភាពស្និទ្ធស្នាល និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលយកព័ត៌មាន បង្កើតការស្រុះចិត្តគំនិតចាប់ពីមូលដ្ឋាន ជាពិសេសលើបញ្ហាដូចជាច្បាប់ និងសន្តិសុខព្រំដែន។
នៅក្នុងភូមិ ជីម៉ា ឃុំ ម៊ូវសើន ដែលមានគ្រួសារជាង ២៣០ គ្រួសារ និងប្រជាជនជិត ១០០០ នាក់ គឺប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានជាភាសាជនជាតិគឺបង្ហាញយ៉ាងជាក់ស្តែង។ ការយល់ដឹងផ្នែកច្បាប់របស់ប្រជាជនបានប្រសើរឡើង ហើយការរំលោភបំពានច្បាប់បានថយចុះ។ កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ជីម៉ា តែងតែចុះទៅតាមផ្ទះនីមួយៗ ផ្សព្វផ្សាយព័ត៌មានដោយផ្ទាល់អំពីបទប្បញ្ញត្តិទាក់ទងនឹងការឆ្លងដែន ការបង្ការឧក្រិដ្ឋកម្ម និងការការពារអធិបតេយ្យភាពព្រំដែន។ លោក វី វ៉ាន់ ញឺ លេខាសាខាបក្ស និងជាប្រធានភូមិ ជីម៉ា ឃុំម៊ូសើន បានឲ្យដឹងថា៖ “ការផ្សព្វផ្សាយព័ត៌មានជាភាសារបស់ជនរួមជាតិ ជួយប្រជាជនឱ្យយល់អំពីច្បាប់ បង្កើនការយល់ដឹង និងបង្កើតទម្លាប់រស់នៅ ក៏ដូចជាត្រូវធ្វើការតាមច្បាប់។ កម្មាភិបាល កងទ័ពការពារព្រំដែនដែលចុះទៅភូមិ ចេះនិយាយភាសាតៃ ហើយសម្របខ្លួនជាមួយប្រជាជន ដូច្នេះអ្នកភូមិស្រឡាញ់ពួកគេខ្លាំងណាស់។ ចាស់ទុំក្នុងភូមិចាត់ទុកកងទ័ពការពារព្រំដែនជាកូនចៅក្នុងគ្រួសារ ខណៈដែលយុវជន និងកុមារចាត់ទុកពួកគេជាបងប្អូន និងមិត្តភក្តិអញ្ជឹង”។
មិនត្រឹមតែស្ថិតត្រង់ការយល់ឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែប្រការសំខាន់ជាងនេះទៅទៀតគឺប្រជាជនបានអនុវត្តតាមការណែនាំ ការចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារព្រំដែននិងបង្គោលព្រំដែន។ ជារៀងរាល់ឆ្នាំ ប៉ូស្តិ៍ការពារព្រំដែនច្រកជីម៉ា តែងតែរៀបចំវគ្គយល់ដឹងផ្នែកច្បាប់ចំនួន ៦០ ទៅ ៧០ វគ្គ ដោយទាក់ទាញអ្នកចូលរួមប្រហែល ៣.០០០ នាក់។ រួមជាមួយគ្នានោះ តាមរយៈក្រុមព័ត៌មាន និងទំនាក់ទំនង ខ្លឹមសារផ្សព្វផ្សាយត្រូវបានបញ្ចូលទៅជាភាសាជាតិ និងភាសាជនជាតិភាគតិចតាមរយៈប្រព័ន្ធឧបករណ៍បំពងសម្លេង។ លោកវរសេនីយ៍ឯកបម្រុង ត្រឹន ត្រុង តើយ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនជីម៉ា បានឲ្យដឹងថា៖ “ទាក់ទងនឹងខ្លឹមសារនៃការអនុវត្ត “វិធីសាស្រ្ត ៣ ច្បាមជាប់ និង ៤រួមគ្នា” ក្នុងនោះមានការនិយាយភាសាជនជាតិភាគតិចជាមួយគ្នា។ តាមនោះ កម្មាភិបាល យុទ្ធជនម្នាក់ៗ នៅក្នុងអង្គភាពបានយល់ដឹង និងទទួលខុសត្រូវកាន់តែច្រើន ក្នុងការរៀនសូត្រដោយខ្លួនឯង ដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយ តាមនោះ ផ្សព្វផ្សាយព័ត៌មានដោយផ្ទាល់តាមរយៈវិធីសាស្រ្តរស់រវើកផ្សេងៗ ដោយលើកទឹកចិត្តប្រជាជនឱ្យចូលរួមជាមួយកងទ័ពការពារព្រំដែនក្នុងការការពារព្រំដែន និងបង្គោលព្រំដែន។
ថ្មីៗនេះ ការប្រកួតប្រជែងភាសាជនជាតិភាគតិចតៃ ឆ្នាំ២០២៦ ក្នុងកងការពារព្រំដែនត្រូវបានធ្វើឡើងដោយមានការចូលរួមពីអង្គភាពជាច្រើន។ នេះជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការបង្កើនជំនាញ និងលើកកំពស់គុណភាពការងារ។ លោកវរសេនីយ៍ឯក លេវ មិញ ទៀន អនុប្រធានកងទ័ពការពារព្រំដែនខេត្តឡាងសើន បានឲ្យដឹងថា៖ “ការរៀនភាសាជនជាតិភាគតិចជាទូទៅ និងភាសាជនជាតិតៃនិយាយដោយឡែក គឺជាគោលនយោបាយ និងជាការបញ្ជាណែនាំដ៏ម៉ឺងម៉ាត់ ពីបញ្ជាការដ្ឋានកងការពារព្រំដែន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្លាំងការពារព្រំដែនខេត្តបានបង្កើនការណែនាំរបស់ខ្លួន ដើម្បីឱ្យកម្មាភិបាល និងយុទ្ធជនអាចស្តាប់ យល់ និងប្រើប្រាស់ល្អ ភាសាជនជាតិភាគតិច តាមនោះ អាចអនុវត្តន៍ភារកិច្ចការពារព្រំដែនប្រកបដោយប្រសិទ្ធភាព”។
តាមភូមិព្រំដែនខេត្តឡាង សើន នៅពេលល្ងាចចូលមកដល់ ឧបករណ៍បំពងសម្លេងបានផ្សព្វផ្សាយព័ត៌មានជាភាសាដែលប្រជាជននៅទីនេះបានឮ យល់ និងទុកចិត្តអស់ជាច្រើនជំនាន់។ ដោយហេតុនេះ រាល់បទប្បញ្ញត្តិស្តីពីច្បាប់ អធិបតេយ្យភាពព្រំដែន ឬការបង្ការនិងគ្រប់គ្រងឧក្រិដ្ឋកម្មលែងពិបាកទៀតហើយ ហើយព័ត៌មានកាន់តែងាយយល់ ងាយចងចាំ និងងាយធ្វើតាម។ ដោយសារតែការយល់ដឹង និងការគោរពចំពោះវប្បធម៌ក្នុងមូលដ្ឋាននេះបានជួយតភ្ជាប់គម្លាតរវាងការអនុវត្តច្បាប់ និងប្រជាជន ដោយកសាងទំនុកចិត្តយ៉ាងរឹងមាំនៅក្នុងតំបន់ព្រំដែននៃមាតុប្រទេស។
តាមរយៈពាក្យសាមញ្ញៗ ដែលនិយាយជាភាសាកំណើតរបស់ប្រជាជន ការយល់ដឹងរបស់ប្រជាជនត្រូវបានលើកឡើងជាបណ្តើរៗ ដែលរួមចំណែកដល់ការកាត់បន្ថយការរំលោភបំពាន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ ភាសាក្នុងមូលដ្ឋានបានក្លាយជា "ស្ពាន" ដ៏សំខាន់មួយ ដែលជួយពង្រឹងទំនុកចិត្តរបស់ប្រជាជននៅក្នុងតំបន់ព្រំដែន៕








