មហាជ័យជម្នះនៃនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធរំដោះប្រទេសជាតិ ការពារមាតុភូមិ ដែលជាជ័យជម្នះនៃប្ញទ្ធានុភាព ស្មារតី និងប្រាជ្ញារបស់វៀតណាម។ ប្រជាជនវៀតណាមបានរួបរួមគ្នាដើម្បីក្រោកឈរឡើងតស៊ូដើម្បីបង្រួបបង្រួមប្រទេសជាតិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសជាតិ។
មានសន្តិភាពគឺយើងនឹងមានអ្វីៗទាំងអស់
ប្រទេសជាតិបានឆ្លងកាត់រាប់ទសវត្សរ៍ដើម្បីសម្រេចបាននូវសន្តិភាពដែលយើងមានដូចសព្វថ្ងៃនេះ។ សន្តិភាពដែលប្រជាជនវៀតណាមច្រើនជំនាន់បានលះបង់ជីវិតនិងយុវវ័យរបស់ខ្លូនទើបសម្រេចបាន។
ក្រោយរយៈពេល ៥០ឆ្នាំ នៃការបង្រួបបង្រួមជាតិនិងមានសន្តិភាព វៀតណាមបានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ដែលមានសេដ្ឋកិច្ចបិទជិត រហូតមកដល់សព្វថ្ងៃនេះ សេដ្ឋកិច្ចវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចបើកចំហលើពាណិជ្ជកម្មខ្ពស់បំផុតរបស់ពិភពលោក។ ទំហំសេដ្ឋកិច្ចវៀតណាមបានកើនឡើងដល់លេខ ៣២ នៅទូទាំងពិភពលោក (នៅឆ្នាំ ២០២៥)។ គម្លាតនៃប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់បានបង្រួមគួរឱ្យកត់សម្គាល់។ វៀតណាមបានក្លាយជាដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសរាប់សិប រួមទាំងសមាជិកទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដោយមានសន្តិភាព វៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើន និងជាគោលដៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។
ដោយមានសន្តិភាព សេដ្ឋកិច្ចមានការអភិវឌ្ឍ ហើយសុខុមាលភាពសង្គមត្រូវបានធានា។ បក្ស និងរដ្ឋវៀតណាមបានលើកលែងថ្លៃសិក្សាពីសាលាមត្តេយ្យសិក្សាដល់វិទ្យាល័យនៅក្នុងសាលារដ្ឋ និងបានផ្តល់ការពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ។
សន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០២៥ ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី) បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣៨ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៦៣។ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសចំនួន ៦២ ដែលមានសន្តិភាពបំផុតនៅលើពិភពលោក ដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ នៅអាស៊ី និងកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍។ អ្នកកាសែត Anthony អតីតនិពន្ធនាយកនៃទីភ្នាក់ងារសារព័ត៌មាន Antara បានវាយតម្លៃថា៖ “សហគមន៍អន្តរជាតិបានឃើញ និងទទួលស្គាល់ដំណើរកែទម្រង់សេដ្ឋកិច្ចរបស់វៀតណាម ដែលត្រូវបានគេស្គាល់ថាជា Doi Moi (ការផ្លាស់ប្តូរថ្មី) ចាប់តាំងពីការចាប់ផ្តើម នៅឆ្នាំ ១៩៨៦ ដោយបានផ្លាស់ប្តូរពីប្រទេសដើរថយក្រោយ ដែលមានប្រជាជន ៩០% ធ្វើការក្នុងវិស័យកសិកម្ម ទៅជាមហាអំណាចសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតមួយនៅអាស៊ី។ វៀតណាមបានរួចផុតពីភាពឯកោខាងនយោបាយ និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍទំនាក់ទំនងការបរទេស បើកទូលាយការធ្វើសមាហរណកម្មអន្តរជាតិ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី តំបន់ និងពហុភាគី”។
នាំប្រទេសជាតិបោះជំហានឆ្ពោះទៅមុខ
វៀតណាមកំពុងឆ្ពោះទៅខួបលើកទី ៧០ ឆ្នាំ បន្ទាប់ពីប្រទេសជាតិបានបង្រួបបង្រួម ហើយនៅឆ្នាំ ២០៤៥ ដែលជាខួបមួយសតវត្សរ៍នៃការបង្កើតប្រទេសជាតិ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ នេះមិនមែនគ្រាន់តែជាសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាសេចក្តីប្រាថ្នាអំពីតួនាទី អំពីសមត្ថភាពប្រកួតប្រជែង និងឋានៈរបស់វៀតណាមនៅក្នុងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។
ដូច្នេះ សេចក្តីស្នេហាជាតិសម្រាប់ប្រជាជនវៀតណាម មិនមែនគ្រាន់តែជាសេចក្តីរីករាយនៃទិវាឯករាជ្យនោះទេ ប៉ុន្តែថែមទាំងអំពីការខិតខំសិក្សា ធ្វើការ ច្នៃប្រឌិត បង្កើនផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗ បង្រួមគម្លាតអភិវឌ្ឍន៍ បង្កើតការងារបន្ថែម បង្កើនសុខុមាលភាពសង្គម និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ...។ ថ្លែងនៅក្នុងវគ្គពិភាក្សាសេដ្ឋកិច្ច-សង្គមក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី១៦ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ ថាំង បានសង្កត់ធ្ងន់ថា៖ “យើងអាចសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលយូរ នៅពេលដែលយើងមានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថេរភាព។ ដូច្នេះ រដ្ឋាភិបាលបន្តកំណត់អត្តសញ្ញាណស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតម្រូវការចម្បង និងជាមូលដ្ឋាន។ បញ្ហាផ្លាស់ប្តូរថ្មីគំរូកំណើនត្រូវតែអនុវត្តយ៉ាងខ្លាំងក្លា។ ទីពីរ ក្រុមនៃបណ្តាដំណោះស្រាយសម្រាប់ជួយយើង បង្កើនសក្តានុពលរបស់ប្រទេសជាតិ ជាពិសេសការវិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ទីបី នោះគឺការពង្រីកតួនាទីរបស់សមាសភាពសេដ្ឋកិច្ចដោយផ្អែកលើការប្រកួតប្រជែងស្មើភាពគ្នា និងការតភ្ជាប់ខ្សែសង្វាក់តម្លៃ។ ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងដឹកនាំយ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់គោលនយោបាយសារពើពន្ធពង្រីកដែលសមហេតុផល ដោយធ្វើអាជីវកម្មរាល់ធនធានរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយនឹងប្រាក់កម្ចីបរទេសដើម្បីជំរុញកំណើន”។
រយៈពេល ៥១ ឆ្នាំ បន្ទាប់ពីប្រទេសជាតិទទួលបានសន្តិភាព វៀតណាមកំពុងឈានចូលដល់យុគសម័យថ្មីមួយ ដែលមានកំណែទម្រង់ដ៏រឹងមាំនៅក្នុងស្ថាប័ន រចនាសម្ព័ន្ធអង្គការ និងវិធីសាស្រ្តគ្រប់គ្រងជាតិកំពុងបើកទ្វារឆ្ពោះទៅរកអនាគតដ៏សម្បូររុងរឿង។
សកម្មភាពជាក់ស្តែង និងម៉ឺងម៉ាត់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការបន្តការត្រិះរិះ ការកែទម្រង់ស្ថាប័ន និងការកសាងបរិយាកាសអំណោយផលសម្រាប់ជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍ។ ទាំងអស់នេះ នឹងនាំគោលដៅនៃការក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ក្លាយជាការពិត។ គោលដៅនេះក៏ជាការសន្យាមួយចំពោះបុព្វបុរសរបស់យើងថា ការលះបង់របស់មនុស្សជំនាន់មុនៗ នឹងត្រូវបានតបស្នង់សង់គុណជាមួយនឹងអនាគតកាន់តែភ្លឺត្រចះត្រចង់ សម្រាប់ប្រទេសជាតិ៕



.jpg)




