គំរូទាំងនេះបានរួមចំណែកដល់ការការពារស្ត្រី និងកុមារ ព្រមទាំងរីកសាយភាយមនសិការ អំពីការកសាងរបៀបរស់នៅប្រកបដោយអរិយធម៌ និងសាមគ្គីភាពនៅក្នុងសហគមន៍ផងដែរ។
ភូមិ Bung ឃុំ Phong Quang ខេត្តថៃង្វៀន មានគ្រួសារជនជាតិ Dao ជាង ៤០ គ្រួសារ។ ពីមុន ជីវភាពរស់នៅរបស់ប្រជាជនមានការលំបាកយ៉ាងខ្លាំង។ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ សាខាសមាគមន៍នារីក្នុងតំបន់បានអនុវត្តន៍គំរូ "ភូមិសុវត្ថិភាព" ដោយកៀរគរការចូលរួមរបស់សហគមន៍ក្នុងការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព។ ប្រជាជនរួមគ្នាសម្អាតអនាម័យ ដាំដើមឈើបៃតង និងបង្កើតទេសភាពភ្លឺ បៃតង ស្អាត។ លើសពីនេះ ថែរក្សាផ្លូវដែលគ្រប់គ្រងដោយខ្លួនឯង ហើយដំឡើងប្រព័ន្ធភ្លើងបំភ្លឺនៅក្នុងតំបន់លំនៅដ្ឋាន ដើម្បីរួមចំណែកដល់ការធានាសន្តិសុខ សណ្តាប់ធ្នាប់។ លោកស្រី Pham Thi Tuoi លេខាសាខាបក្សភូមិ Bung បានឲ្យដឹងថា៖
«យើងតែងតែបោសសម្អាតស្មៅ ជុំវិញផ្ទះវប្បធម៌ និងបោសសម្អាតផ្លូវថ្នល់ក្នុងភូមិឲ្យកាន់តែស្អាតបាត។ ក្រៅពីនោះ យើងក៏ឃោសនាដល់បណ្ដាគ្រួសារ អំពីរបៀបរស់នៅប្រកបដោយក្តីស្រឡាញ់ និងសាមគ្គីភាព ជៀសវាងអំពើហិង្សាក្នុងគ្រួសារ»។
គំរូនេះក៏បង្កើតកន្លែងសុវត្ថិភាពសម្រាប់កុមារតាមរយៈការសាងសង់សួនលេងកំសាន្ត ការរៀបចំសកម្មភាពវប្បធម៌ កីឡា សកម្មភាពប្រចាំវិស្សមកាល និងក្លឹបបំណិនជីវិត។ តាមនោះ ជួយកុមារអភិវឌ្ឍន៍យ៉ាងទូលំទូលាយទាំងផ្នែកកាយសម្បទានិងស្មារតី។ ជាពិសេស នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល ការឃោសនាអំពីរបៀបប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយសុវត្ថិភាព ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ ស្ត្រី និងកុមារត្រូវបានណែនាំឲ្យស្គាល់ព័ត៌មានមិនពិត ព័ត៌មានអាក្រក់ ការពារការឆបោក ការរំលោភបំពាន និងការពារទិន្នន័យផ្ទាល់ខ្លួនតាមអ៊ីនធឺណិតផងដែរ។ កញ្ញា Ly Thu Huong មកពីភូមិ Bung ឃុំ Phong Quang ខេត្តថៃង្វៀន បានចែករំលែកថា៖
«ឪពុកម្តាយ បានណែនាំខ្ញុំឱ្យជ្រើសរើស និងស្វែងយល់យ៉ាងហ្មត់ចត់អំពីការរៀនសូត្រតាមអ៊ីនធឺណិត។ ខ្ញុំក៏មិនប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមច្រើនពេកទេ ហើយមិនចូលអ៊ីនធឺណិតដើម្បីមើលព័ត៌មានដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំដែរ»។
គំរូដូចជា «ភូមិសុវត្ថិភាព» និង «តំបន់លំនៅដ្ឋានសុវត្ថិភាព» ក៏ត្រូវបានបង្កើតឡើងនៅតាមភូមិជាច្រើនទៀតនៅក្នុងខេត្តថៃង្វៀនផងដែរ។ គំរូបែបនេះ បានបង្កើតក្រុមស្នូលៗដូចជា៖ ក្រុមស្ត្រីគ្រប់គ្រងដោយខ្លួនឯង ក្រុម «គ្រួសារសុភមង្គល» និង «អាសយដ្ឋានដែលទុកចិត្តនៅក្នុងសហគមន៍» ដើម្បីពិភាក្សា និងរួមដៃគ្នាកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងស្អាតស្អំនៅក្នុងតំបន់លំនៅដ្ឋាន ព្រមទាំងជួយឧបត្ថម្ភ និងធ្វើអន្តរាគមន៍ក្នុងករណីទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើស្ត្រី និងកុមារ។ លោកស្រី Hoang Thi Thụy ប្រធានក្រុមប្រឹក្សាភិបាលគំរូ "ភូមិសុវត្ថិភាព" នៅភូមិ Phố ឃុំ Tan Ky បានវាយតម្លៃថា៖
"បន្ទាប់ពីគំរូ "ភូមិសុវត្ថិភាព" ត្រូវបានអនុវត្តន៍នៅក្នុងភូមិ ខ្ញុំបានសង្កេតឃើញថា មានការផ្លាស់ប្តូរវិជ្ជមាន និងច្បាស់លាស់។ ស្ត្រីបានបង្កើនការយល់ដឹង អំពីច្បាប់ សិទ្ធិសមភាព និងបំណិនការពារខ្លួនឯង។ កុមារត្រូវបានការពារពីហានិភ័យនៃការរំលោភបំពាន និងអំពើហិង្សា។ បរិស្ថានរស់នៅមានសុវត្ថិភាព ស្អាតស្អំ ហើយអបាយមុខសង្គមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់"។
សកម្មភាពទំនាក់ទំនង និងបណ្តុះបណ្តាលសម្រាប់ស្ត្រីត្រូវបានរៀបចំជាប្រចាំក្នុងទម្រង់ផ្សេងៗគ្នា ដូចជា៖ ការប្រជុំជីវភាពតាមសាខាសមាគមន៍ ការឃោសនាចល័ត និងការរួមបញ្ចូលទៅក្នុងកិច្ចប្រជុំភូមិ ជាដើម។ ខ្លឹមសារផ្តោតលើចំណេះដឹងផ្នែកច្បាប់ បំណិនការពារខ្លួនឯង ការថែទាំសុខភាពបន្តពូជ ការចិញ្ចឹមកូន និងសមភាពយេនឌ័រ។ លោកស្រី Nguyen Thi Lan ប្រធានគណៈកម្មការប្រតិបត្តិគំរូ "តំបន់លំនៅដ្ឋានសុវត្ថិភាព" សង្កាត់ Duc Xuan បានឲ្យដឹងថា៖
"តំបន់លំនៅដ្ឋានក៏បានបង្កើតគណៈកម្មការប្រតិបត្តិ ដើម្បីឃោសនាដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុម ហើយប្រជាពលរដ្ឋក៏បានឃើញពីអត្ថប្រយោជន៍នៃគំរូតំបន់លំនៅដ្ឋានសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារ ក៏ដូចជាប្រជាជនទាំងមូល។ កុមារក៏ទទួលបានការយកចិត្តទុកដាក់ ការអប់រំពេញលេញផងដែរ ដោយមិនមានកុមារណាបោះបង់ចោលការសិក្សានៅក្នុងក្រុមនោះទេ"។
គំរូ "ភូមិសុវត្ថិភាព" និង "តំបន់លំនៅដ្ឋានសុវត្ថិភាព" នៅខេត្តថៃង្វៀន កំពុងបង្ហាញប្រសិទ្ធភាពបន្តិចម្តងៗ។ ប្រជាជនមានភាពម្ចាស់ការជាងមុនក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ស្ត្រីក៏កាន់តែមានភាពក្លាហាន និងមានការជឿជាក់លើខ្លួនឯងជាងមុននៅពេលចូលរួមក្នុងសកម្មភាពរួមដែរ។ ពីនោះ ពង្រឹងភាពស្អិតរមួតរវាងគ្រួសារនានា និងរួមចំណែកជាវិជ្ជមានក្នុងការកសាងរបៀបរស់នៅវប្បធម៌នៅក្នុងតំបន់លំនៅដ្ឋាន៕








