នេះមិនមែនគ្រាន់តែជាសកម្មភាពទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរដើម្បីស្វែងយល់ពីជម្រៅនៃបេតិកភណ្ឌ ដែលតម្លៃប្រវត្តិសាស្ត្រ និងសម្រស់សោភ័ណភាពរបស់ប្រជាជាតិ ត្រូវបានអភិរក្សដដែល។ សារមន្ទីរវិចិត្រសិល្បៈវៀតណាម ជាមួយនឹងការតាំងពិព័រណ៍ «ពណ៌វប្បធម៌» បានក្លាយជាគោលដៅដ៏បំផុសគំនិតមួយ ដែលទាក់ទាញសាធារណជនមួយចំនួនធំ។
នេះជាលើកទីពីរហើយដែលសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានសហការជាមួយសារមន្ទីរ Kinh Hoa ក្នុងកិច្ចខិតខំប្រឹងប្រែងឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដល់សាធារណជន។ ការតាំងពិព័រណ៍នេះបង្ហាញវត្ថុបុរាណចំនួន ១៣០ របស់សារមន្ទីរ Kinh Hoa ជាពិសេសរួមទាំងវត្ថុបុរាណចំនួន ៤ ដែលត្រូវបាននាយករដ្ឋមន្រ្តីទទួលស្គាល់ជា រតនៈសម្បត្តិជាតិក្នុងឆ្នាំ ២០២៥ ដែលបានឆ្លុះបញ្ចាំងពីជម្រៅនៃប្រវត្តិសាស្ត្រ និងជំនាញសិប្បកម្មរបស់ជនជាតិវៀតណាម តាមរយៈសម័យកាលផ្សេងៗគ្នា។ លោក Nguyen Tuan Cuong មកពីសង្កាត់ Cau Giay ទីក្រុងហាណូយ បានឲ្យដឹងថា៖
«ខ្ញុំសង្កេតឃើញថា ការតាំងពិព័រណ៍ថ្ងៃនេះមានបរិយាកាសដ៏ពិសិដ្ឋ។ តាមពិតទៅ យើងបានឃើញជាច្រើនដងហើយ នៅក្នុងសៀវភៅ និងកាសែត ប៉ុន្តែការឃើញដោយផ្ទាល់នៅទីនេះ ធ្វើឱ្យយើងមានការយល់ដឹងកាន់តែច្បាស់។ ឧទាហរណ៍ ស្គរសំរិទ្ធក្នុងសម័យកាលនីមួយៗ មានក្បូរក្បាច់រចនាខុសៗគ្នា។ នោះហើយជាមូលហេតុដែលខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំមានការចាប់អារម្មណ៍បំផុតចំពោះរូបសត្វដែលបានឆ្លាក់នៅលើស្គរសំរិទ្ធ ដែលជាប្រភេទសត្វដ៏ជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ ដូចជាកង្កែប អណ្តើក និងសត្វស្លាប»។
មកដល់ការតាំងពិព័រណ៍ អ្នកទស្សនាមានឱកាស បានមើលឃើញវត្ថុបុរាណដ៏មានតម្លៃជាច្រើនដែលមិនធ្លាប់ត្រូវបានដាក់តាំងបង្ហាញពីមុនមក។ វត្ថុបុរាណត្រូវបានរៀបចំនៅក្នុងតំបន់តាំងពិព័រណ៍ស្នូលចំនួន ៣ គឺ៖ អរិយធម៌ ដុងសឺន; អរិយធម៌ ដាយវៀត; អរិយធម៌ ចាម្ប៉ា។ ក្នុងនោះ តំបន់អរិយធម៌ ដុងសឺន តាំងបង្ហាញវត្ថុបុរាណដ៏លេចធ្លោនៃសម័យកាលប្រវត្តិសាស្ត្រនេះ ដូចជា៖ ចង្កៀងសំរិទ្ធ ស្លាបព្រាសំរិទ្ធ កណ្តឹងសំរិទ្ធ កាំបិត និងអាវក្រោះ... ដែលឆ្លុះបញ្ចាំងពីជំនាញកែច្នៃលោហធាតុនិងសកម្មភាពប្រចាំថ្ងៃដ៏សម្បូរបែប។ អរិយធម៌ ដាយវៀត តាំងបង្ហាញវត្ថុកុលាលភាជន៍ដ៏ប្រណិត សម្រាំងត្រាសំរិទ្ធ ពីរាជកាល Le So និងរូបសំណាកស្តេច Ly Thanh Tong ដែលជាសញ្ញាសម្គាល់ដ៏លេចធ្លោនៃការអភិវឌ្ឍនៃប្រទេស ដាយវៀត... ចំណែក តំបន់វប្បធម៌ចាមប៉ា តាំងបង្ហាញវត្ថុបុរាណដូចជា ព្រះភក្ត្រព្រះអាទិទេព្យ ដែលឆ្លាក់ពីមាស គ្រឿងអលង្ការ និងគ្រឿងគោរពបូជារបស់ជនជាតិចាម។ លោក Nguyen Trung Duc នៅសង្កាត់ Hoan Kiem ទីក្រុងហាណូយ បានឲ្យដឹងថា៖
«មានវត្ថុបុរាណជាច្រើននៅទីនេះ ហើយអ្វីដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំគឺឈុតចង្កៀងដែលតំណាងឱ្យវប្បធម៌ ដុងសឺន កណ្តឹងដំរី និងវត្ថុបុរាណចាមប៉ាមួយចំនួន ដែលជួយខ្ញុំឱ្យយល់អំពីវប្បធម៌ ទំនៀមទម្លាប់ និងតម្លៃប្រវត្តិសាស្ត្រពីអតីតកាល»។
សម្រាប់គ្រួសារជាច្រើនដែលមានកូនតូចៗ នេះគឺជាឱកាសដ៏កម្រមួយសម្រាប់ឪពុកម្តាយ និងកូនៗ ដើម្បីទៅទស្សនា ស្វែងយល់ និងទទួលបានព័ត៌មានប្រវត្តិសាស្ត្រជាច្រើនតាមរយៈវត្ថុបុរាណដ៏មានតម្លៃ និងកម្រ។ អ្នកស្រី Dang Thi Huyen សង្កាត់ Ha Dong ទីក្រុងហាណូយ បាននិយាយថា៖
"ខ្ញុំចង់ឱ្យកូនរបស់ខ្ញុំ ដឹងបន្ថែមអំពីព័ត៌មានទាំងនេះ ហើយបណ្តុះសេចក្តីស្នេហាជាតិសម្រាប់កូន។ ពេលកូនឃើញ ស្គរសំរិទ្ធ គាត់ពិតជាចូលចិត្តណាស់។ កូនក៏សួរខ្ញុំថា វាជាអ្វី វាត្រូវបានប្រើសម្រាប់អ្វី ឬពេលគាត់ឃើញ រូបចម្លាក់សត្វនាគពីរាជកាល Ly រាជកាល Le So គាត់ក៏ឆ្ងល់ថា ហេតុអ្វីបានជា រូបនាគពីសម័យកាលទាំងនេះមានលក្ខណៈខុសៗគ្នាយ៉ាងដូច្នេះ។ បន្ទាប់ពីការទស្សនា កូនបានសុំខ្ញុំជូនគាត់ទៅម្តងទៀតនៅពេលក្រោយ'"។
ចំពោះយុវជន ការទស្សនាការតាំងពិព័រណ៍ "ពណ៌វប្បធម៌" គឺជាពេលវេលាដ៏ល្អមួយដើម្បីសញ្ជឹងគិតអំពីក្បូរក្បាច់រចនា និងតម្លៃវប្បធម៌ដែលត្រូវបានរក្សាទុកនៅលើវត្ថុបុរាណនីមួយៗ៖
«វត្ថុបុរាណកុលាលភាជន៍នៅតែត្រូវបានរក្សាដដែល ដោយមិនប្រេះ ឬបាក់បែកច្រើនពេកទេ។ ហើយចំពោះរតនៈសម្បត្តិជាតិ ខ្ញុំគិតថា ការងារជីកកកាយ និងការអភិរក្សគឺល្អណាស់។ ដោយសារវានៅតែមានលក្ខណៈដដែល សូម្បីតែឈុតអាវក្រោះ ដែលពិបាកអភិរក្សនៅពេលគេជីកកកាយ ក៏នៅតែមានក្បូរក្បាច់រចនាដដែល។ ប្រការនេះមានន័យថា ការងារជីកកកាយ និងការអភិរក្សពិតជាល្អមែនទែន»។
ជំហាននីមួយៗនៅក្នុងលំហតាំងពិព័រណ៍នេះ គឺជាការប៉ះដល់វប្បធម៌រាប់ពាន់ឆ្នាំអញ្ចឹង។ តាមរយៈវត្ថុបុរាណនីមួយៗ សាធារណជន អាចគយគន់ផ្ទាំងគំនូរចម្រុះពណ៌នៃវប្បធម៌វៀតណាម ដែលមានលក្ខណៈសម្បូរបែប បុរមបុរាណ ប៉ុន្តែពោរពេញទៅដោយភាពរស់រវើក៕








