តាមរយៈប្រព័ន្ធភ្លើងបំភ្លឺ ការចាក់បញ្ចាំងបែប mapping និងការពិតនិម្មិតនោះ រូបភាពនៃ Van Mieu – Quoc Tu Giam នៅពេលរាត្រី ពិតជាមានភាពភ្លឺផ្លេកៗ ប៉ុន្តែស្ងប់ស្ងាត់ រស់រវើក និងជិតស្និទ្ធជាមួយនឹងអ្នកទស្សនា។
នៅពេលដែលពន្លឺព្រះអាទិត្យដ៏ក្ដៅស្អុះស្អាប់នៃរដូវក្តៅ រសាត់បាត់ទៅ ហ្វូងសត្វរៃយំយ៉ាងកងរំពងនៅលើដើមឈើ ហើយទីក្រុងទាំងមូលចាប់ផ្ដើមឡើងពន្លឺ ក៏ជាពេលវេលាដែល បេតិកភណ្ឌ Van Mieu – Quoc Tu Giam ត្រូវបានបំភ្លឺឡើងដោយបច្ចេកវិទ្យាពន្លឺចែងចាំងទំនើប រួមផ្សំជាមួយនឹងសំឡេងដ៏រស់រវើក ដែលនិទៀនរឿងរ៉ាវប្រវត្តិសាស្ត្រអំពីស្មារតីសង្វាតរៀនសូត្ររបស់ជនជាតិវៀតណាម។
ដើរឆ្លងកាត់ខ្លោងទ្វារធំ សួនច្បារនៃពន្លឺ បានលេចឡើង ដើមពោធិ៍បុរាណក្លាយជាវេទិកាសម្រាប់ចាក់បញ្ចាំងអំពីប្រពៃណីសិក្សារបស់ជនជាតិវៀតណាមកាលពីរាប់ពាន់ឆ្នាំមុន។ ចាប់តាំងពីនៅជាទារក ជនជាតិវៀតណាមបានស្ដាប់និងស្គាល់ដល់បទចម្រៀងប្រជាប្រិយតាមរយៈបទបំពេររបស់ជីដូននិងម្តាយរបស់ខ្លួន។ រហូតដល់ពេលធំឡើង បន្តបានទៅរៀនអក្សរ និងសិក្សាអំពីសុជីវធម៌និងសីលធម៌នៅផ្ទះរបស់លោកគ្រូ។ រូបភាពរបស់កុមារា ដែលសិក្សានៅលើទីធ្លាសាលាភូមិ នៅក្រោមម្លប់ដើមពោធិ៍ នៅក្បែរអណ្តូងទឹក ឬនៅក្រោមដំបូលផ្ទះប្រក់ឬស្សី និងស្លឹកឈើ ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើក តាមរយៈបច្ចេកវិទ្យាពន្លឺមានចលនា។ លោក Bui Hoang Phong មគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu - Quoc Tu Giám បាននិយាយថា៖
“ចូលទៅក្នុងដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu - Quoc Tu Giám នេះគឺជាតំបន់ទស្សនាដំបូងគេ ដែលជាកន្លែងចាប់ផ្តើមដំណើរសិក្សារបស់សិស្សខុងជឺនិយម។ នៅក្រោមដើមពោធិ៍ នឹងមានការចាក់បញ្ចាំង mapping តែមួយគត់នៅក្នុងដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu គឺការសម្តែងដោយមានចំណងជើងថា "បទបំពេរដ៏អន្លង់អន្លោច" ដោយមានរូបភាពច្រើនដូចជា៖ សត្វកុកហោះហើរលើវាលស្រែ ឬហ្វូងកុមារកំពុងលេងកំសាន្ត ហើយនឹងក្លាយជាសិស្សខុងជឺនិយមនាពេលអនាគត”។
លោក Nguyen Thanh Tung អ្នកគ្រប់គ្រងដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu - Quoc Tu Giam បានឲ្យដឹងថា៖
“លក្ខណៈពិសេសនៃដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu មិនត្រឹមតែជាការទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែអ្នកទស្សនាថែមទាំងបានឆ្លងកាត់បទពិសោធន៍ចម្រុះ តាមរយៈពហុអារម្មណ៍ នៅចំកណ្ដាលបេតិកភណ្ឌមានអាយុកាលរាប់ពាន់ឆ្នាំនេះទៀតផង។ អ្នកទស្សនាអាចរីករាយនឹងសិល្បៈសម្ដែងពន្លឺនិងតន្ត្រីដែលលាយឡំជាមួយនឹងសម្រស់ដ៏បុរមបុរាណនៃកេរ្តិ៍ដំណែល ខណៈពេលស្តាប់រឿងរ៉ាវស្ដីពីអ្នកមានទេពកោសល្យក្នុងប្រវត្តិសាស្ត្រផងដែរ”។
លើសពីនេះ អ្នកទស្សនា ក៏អាចសាកល្បងខ្លួនឯងជាមួយនឹងដំណើររបស់សិស្សខុងជឺនិយមម្នាក់ក្នុងអតីតកាល ដូចជា៖ អង្គុយក្នុងខ្ទមដើម្បីប្រឡង ជិះសេះវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីប្រឡងជាប់... ជាពិសេសគឺបទពិសោធន៍តាមរយៈបច្ចេកវិទ្យាអន្តរកម្មទំនើប ដូចជា៖ ប្រាស្រ័យទាក់ទងជាមួយសត្វអណ្តើកដ៏ឈ្លាសវៃ ឬសាកសរសេរអក្សរផ្ចង់ដោយខ្លួនឯងនៅក្នុងលំហការពិតនិម្មិត។ លោក Nguyen Thanh Binh មគ្គុទ្ទេសក៍ទេសចរណ៍នៃដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu - Quoc Tu Giám បានចែករំលែកថា៖
“សកម្មភាពសរសេរអក្សរផ្ចង់លើវ៉ែនតាការពិតនិម្មិត អ្នកអាចសរសេរដោយសេរី ឬសរសេរតាមគំរូតួអក្សរចិន។ នេះជាសកម្មភាពដ៏មានប្រយោជន៍មួយ ពីព្រោះអ្នកអាចសរសេរក្នុងកន្លែងមួយដូចនៅសម័យមុន នោះគឺអង្គុយក្នុងថ្នាក់រៀនរបស់លោកគ្រូខុងជឺនិយម ដៃកាន់ជក់ ទោះបីគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ប៉ុន្តែវាមានអារម្មណ៍ពិតប្រាកដម៉ែនទែន។ នេះជាបទពិសោធន៍ដ៏អស្ចារ្យនិងពិសេសដែលមានតែនៅក្នុងដំណើរកម្សាន្តពេលយប់នៅ Van Mieu - Quoc Tu Giám ប៉ុណ្ណោះ”។
ផ្នែកដែលត្រូវបានទន្ទឹងរង់ចាំបំផុតនៃដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu គឺជាកម្មវិធីសម្តែងនៅទីធ្លា Thai Hoc។ ស្ថាបត្យកម្មនៃអគារ Thai Hoc បានក្លាយជាផ្ទៃខាងក្រោយសម្រាប់ការចាក់បញ្ចាំងដោយបច្ចេកវិទ្យា 3D mapping។ លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលបំផុត បេតិកភណ្ឌនៃសិលាចារឹកបណ្ឌិត រឿងរ៉ាអំពីប្រពៃណីគោរពការសិក្សា ក៏ដូចជាអ្នកប្រាជ្ញដ៏ល្បីល្បាញនានា ត្រូវបានបង្កើតឡើងវិញជាបន្តបន្ទាប់ដោយបច្ចេកវិទ្យាសំឡេងនិងពន្លឺទំនើប។
ដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu – Quoc Tu Giam មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមួយចំនួនធំប៉ុណ្ណោះទេ ថែមទាំងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ជនបរទេសនៅពេលមកទស្សនាប្រទេសវៀតណាមផងដែរ។ អ្នកស្រី Coroline ជាអ្នកទេសចរអង់គ្លេសម្នាក់ បានចែករំលែកថា៖
“ការសម្តែងបញ្ចាំងពន្លឺពិតជាស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំចូលចិត្តផ្នែកតន្ត្រីតាំងពីដើមដំបូង រួមជាមួយនឹងឥទ្ធិពលនៃកាំរស្មីឡាស៊ែរ។ វាពិតជាអស្ចារ្យណាស់។ ខ្ញុំបានឃើញនិមិត្តរូបល្បីៗជាច្រើននៅទីក្រុងហាណូយ ដូចជាសត្វទេព ៤ ប្រភេទគឺ នាគ ហ្សង់ អណ្តើក និងម៉ុងសាយ។ ដូច្នេះ វាពិតជាអស្ចារ្យណាស់ដែលបានឃើញរូបភាពទាំងនេះ លេចចេញនិងតំណាងឱ្យផ្នែកមួយនៃវប្បធម៌វៀតណាមនៅហ្នឹងកេរ្តិ៍ដំណែល Van Mieu នេះ”។
នៅពេលចូលរួមដំណើរកម្សាន្តពេលរាត្រីនៅ Van Mieu – Quoc Tu Giam អ្នកទស្សនាមិនត្រឹមតែយល់ដឹងបន្ថែមអំពីបរិយាកាសសិក្សាដ៏សាមញ្ញកាលពី ១០០០ ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទស្សនៈជាទូទៅអំពីការអប់រំជាតិរបស់ប្រទេសវៀតណាម ដែលមនុស្សម្នាក់ៗមិនត្រឹមតែរៀនអក្សរប៉ុណ្ណោះទេ ថែមទាំងរៀនពីតម្លៃស្នូលៗ ដើម្បីឆ្ពោះទៅរកសេចក្ដីល្អរបស់មនុស្សនិងជីវិតទៀតផង៕








