នៅក្នុងបរិបទថ្មី ជាមួយនឹងសមិទ្ធផលរបស់ខ្លួន ទីក្រុងនេះបន្តបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយផ្លូវ មានការច្នៃប្រឌិត និងដឹកនាំការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។

ក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន ទីក្រុងហូជីមិញតែងតែរក្សាតួនាទីរបស់ខ្លួន ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច។ បច្ចុប្បន្នទីក្រុងហូជីមិញរួមចំណែកប្រហែល ២៣% នៃផលិតផលក្នុងស្រុកសរុប និងជិត ៣០% នៃចំណូលថវិការដ្ឋតិសរុប។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជាមជ្ឈមណ្ឌលសម្រាប់ការផ្លាស់ប្តូរ និងការធ្វើសមាហរណកម្មអន្តរជាតិ ហើយដើរតួនាទីជាប៉ូលកំណើនដែលមានការរីកសាយភាយគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ ដំណើរអភិវឌ្ឍន៍រយៈពេល ៥១ ឆ្នាំ ក៏បានដាក់ចេញបញ្ហាប្រឈមជាច្រើនផងដែរ ដែលទាមទារឱ្យទីក្រុងបន្តច្នៃប្រឌិតការត្រិះរិះនៃការគ្រប់គ្រងរបស់ខ្លួន និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងបរិបទនេះ ដើម្បីបញ្ជាក់បន្ថែមទៀតអំពីតួនាទីរបស់ខ្លួនជា "អ្នកត្រួសត្រាយផ្លូវ" ទីក្រុងហូជីមិញកំពុងអនុវត្តយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីបង្កើតកម្លាំងជំរុញកំណើនថ្មី។ ដូច្នោះហើយ ទីក្រុងកំពុងផ្លាស់ប្តូរតួនាទីសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងវិស័យសំខាន់ៗចំនួនបី៖ សេវាកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងភស្តុភារកម្មដែលភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន វ៉ាន់ ឌឿក បានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចបានលុះត្រាតែលំហសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានរៀបចំយ៉ាងសមហេតុផល ហើយខ្សែសង្វាក់តម្លៃត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព ដោយតួនាទីរបស់មូលដ្ឋាននីមួយៗត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងក្របខ័ណ្ឌរួម។ នៅក្នុងរចនាសម្ព័ន្ធនោះ ទីក្រុងហូជីមិញត្រូវការ ហើយនឹងចូលរួមចំណែកជាស្ថាបត្យករសំខាន់ ជាមជ្ឈមណ្ឌលសម្របសម្រួល និងឈានមុខគេសម្រាប់ការតភ្ជាប់ក្នុងតំបន់ ជាមជ្ឈមណ្ឌលសម្រាប់ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេវាកម្មកម្រិតខ្ពស់ និងជាកន្លែងដែលសកម្មភាពផលិតកម្ម ភស្តុភារកម្ម និងកសិកម្មបច្ចេកវិទ្យាខ្ពស់ត្រូវបានភ្ជាប់ ផ្សព្វផ្សាយ ចែកចាយ និងអភិវឌ្ឍរួមគ្នាដោយសុខដុមរមនា”។

ដើម្បីអនុវត្តន៍ជាក់ស្តែង ទីក្រុងបានចេញផែនការមួយដើម្បីបង្កើតច្បាប់ទីក្រុងពិសេស (គ្រោងនឹងដាក់ជូនរដ្ឋសភានៅឆ្នាំនេះ) សំដៅបង្កើតក្របខ័ណ្ឌច្បាប់ដ៏ល្អមួយ លុបបំបាត់ឧបសគ្គស្ថាប័ន ដីធ្លី ផែនការ និងការវិនិយោគ ដើម្បីអភិវឌ្ឍទៅជាទីក្រុងយក្ស។ ច្បាប់នេះមានគោលបំណងសម្រាប់គំរូអភិបាលកិច្ចទំនើប និងអាចបត់បែនបាន ដែលជួយទីក្រុងឱ្យមានស្វ័យភាពជាងមុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងទីក្រុង។ សាស្ត្រាចារ្យរង បណ្ឌិត ដូ ភូ ត្រឹន ទិញ មកពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ នៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ បានចាត់ទុកថា៖ “ច្បាប់ស្តីពីតំបន់ទីក្រុងពិសេសផ្តោតលើបញ្ហាបីយ៉ាង៖ ការផ្តល់ស្វ័យភាពពិតប្រាកដ យន្តការ sandbox (ក្របខ័ណ្ឌស្ថាប័នពិសោធន៍) និងក្របខ័ណ្ឌច្បាប់មានលក្ខណៈប្រកួតប្រជែងអន្តរជាតិ ដើម្បីសម្រួលដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ សសរស្តម្ភទាំងបីនេះនឹងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ ទម្លុះឧបសគ្គ និងសំខាន់បំផុតគឺទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រដែលមានចក្ខុវិស័យរយៈពេលវែងមកទីក្រុងហូជីមិញ”។

ជាមួយនឹងគោលការណ៍នៃការផ្តល់ស្វ័យភាពទូលំទូលាយដល់អាជ្ញាធរទីក្រុង ច្បាប់ស្តីពីតំបន់ទីក្រុងពិសេសត្រូវបានមើលឃើញថា ជាការវិនិយោគស្ថាប័នសម្រាប់កំណើនជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន វ៉ាន់ ឌឿក បានបញ្ជាក់បន្ថែមទៀតថា៖ “ទីក្រុងត្រូវបានផ្តល់ជូននិងកំពុងអនុវត្តយន្តការដែលអាចបត់បែនកាន់តែច្រើន សមស្របទៅនឹងតួនាទី ទំហំ និងការចូលរួមចំណែករបស់ទីក្រុង។ ពីគម្រោងសាកល្បងរហូតដល់គំរូអភិបាលកិច្ចថ្មី ការធ្វើឱ្យដំណើរការរដ្ឋបាលខ្លីជាង រហូតដល់ការពង្រីកលំហគោលនយោបាយសម្រាប់ការច្នៃប្រឌិត និងការអភិវឌ្ឍវិស័យឯកជន។ កំណែទម្រង់ស្ថាប័នមិនត្រឹមតែជួយទីក្រុងឱ្យដំណើរការកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតគំរូជាក់ស្តែង ដែលអាចរីកសាយភាយទូទាំងប្រទេសទៀតផង”។

ដើម្បីបម្រើដល់កំណើនប្រកបដោយចីរភាព ទីក្រុងក៏កំពុងពន្លឿនវឌ្ឍនភាពនៃគម្រោង ដឹកជញ្ជូនសំខាន់ៗ ដូចជា៖ ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវក្រវាត់ក្រុង និងផ្លូវល្បឿនលឿនអន្តរតំបន់ បង្កើនការតភ្ជាប់។ គោលដៅគឺខិតខំឱ្យមានរថភ្លើងក្រោមដីយ៉ាងហោចណាស់ ១៨៧ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និងប្រហែល ៧០០-១០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៤៥។ លោក ង្វៀន​កួក ហៀន អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ បានបញ្ជាក់ថា៖ “រថភ្លើងក្រោមដីគឺជាសរសៃឈាម និងសសរស្តម្ភនៃទីក្រុង ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនេះត្រូវតែត្រូវបានរចនាឡើងយ៉ាងល្អ។ រថភ្លើងក្រោមដីបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍទីក្រុង ដូច្នេះត្រូវតែភ្ជាប់មជ្ឈមណ្ឌលសំខាន់ៗ បណ្តាញ ដឹកជញ្ជូនជាតិ ផ្លូវដែកជាតិ កំពង់ផែ និងទីក្រុងធំៗ”។

ក្នុងរយៈពេលថ្មីៗនេះ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាច្រើនដែលមានតម្លៃតម្រង់ទិសយុទ្ធសាស្ត្រ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងហូជីមិញដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីកត្តាជំរុញកំណើនរបស់ខ្លួន។ ជាមួយនឹងស្មារតីស្វាហាប់ ច្នៃប្រឌិត និងត្រួសត្រាយផ្លូវ រួមជាមួយនឹងការណែនាំជាយុទ្ធសាស្ត្រពីមជ្ឈិម ទីក្រុងហូជីមិញនឹងបន្តរក្សាតំណែងឈានមុខគេ ដោយអមដំណើរប្រទេសទាំងមូលនៅលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិ៕