ក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ ២០២៦–២០៣០ វៀតណាមប្រមូលផ្តុំរាល់ប្រភពធនធាន ដើម្បីបោះជំហានទៅមុខយ៉ាងខ្លាំងក្លាឲ្យក្លាយជាប្រទេសឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ គោលដៅលើកកម្ពស់ផលិតភាពការងារជាមធ្យមឱ្យបានលើសពី ៦,៥% ក្នុងមួយឆ្នាំ ទាមទារឱ្យមានការផ្លាស់ប្តូរយ៉ាងដាច់ខាត ចាប់ពីការត្រិះរិះ រហូតដល់សកម្មភាពរបស់ពលករម្នាក់ៗ។ ដូច្នេះហើយ ខែកម្មករ ឆ្នាំ ២០២៦ បានក្លាយជាចំណុចលេចធ្លោក្នុងការបញ្ជាក់ពីតួនាទីស្នូលរបស់វណ្ណៈកម្មករ ក្នុងដំណើរការអភិវឌ្ឍន៍ថ្មី។
នវានុវត្តន៍៖ កម្លាំងចលករសម្រាប់លើកកម្ពស់ផលិតភាពការងារ
តថភាពជាក់ស្តែងបានបង្ហាញថា ផលិតភាពការងារមិនគ្រាន់តែមកពីប្រព័ន្ធគ្រឿងម៉ាស៊ីនដែលមានតម្លៃរាប់លានដុល្លារនោះទេ ប៉ុន្តែអាចមកពីការកែលម្អតិចតួចក្នុងដំណើរការប្រតិបត្តិការផងដែរ។ ដូច្នេះហើយ គោលដៅនៃកម្មករ ១០% មានគំនិតច្នៃប្រឌិត និងយ៉ាងហោចណាស់ ៣០% ត្រូវបានអនុវត្តជាក់ស្តែង ដែលសហព័ន្ធសហជីពពលកម្មបានដាក់ចេញក្នុងខែកម្មករឆ្នាំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងបំផុសស្មាតរីនវានុវត្តន៍នៅក្នុងជួរកម្មករវៀតណាម។ ក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន នៅពេលដែលឧត្តមភាពនៃកម្លាំងពលកម្មតម្លៃថោកលែងសមស្របទៀតហើយ នេះជាពេលវេលាសម្រាប់កម្មករម្នាក់ៗ បញ្ជាក់ពីតម្លៃរបស់ខ្លួនតាមរយៈជំនាញនិងសមត្ថភាពក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យា។
សក្ខីភាពច្បាស់លាស់បំផុតសម្រាប់និន្នាការនេះ គឺការលេចចេញនូវ "បុគ្គលមានគំនិតច្នៃប្រឌិត" កាន់តែច្រើនឡើងៗ នៅតាមសហគ្រាសនានា។ ជាឧទាហរណ៍ នៅអគ្គក្រុមហ៊ុន May ១០ ជំនួសឱ្យការពឹងផ្អែកលើជំនាញធ្វើដោយដៃក្នុងដំណាក់កាលលំបាក ក្រុមបច្ចេកទេសបានម្ចាស់ការធ្វើស្វ័យប្រវត្តិកម្មលើឧបករណ៍ ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ។ ដោយចែករំលែកអំពីដំណោះស្រាយនេះ លោក Pham Van Thuan ពីក្រុមមេកានិចអគ្គិសនីនៃអគ្គក្រុមហ៊ុនMay ១០ បានឲ្យដឹងថា៖ «ជាមួយនឹងឧបករណ៍នេះ យើងអាចសរសេរកម្មវិធីដោយស្វ័យប្រវត្តិ ហើយទន្ទឹមនឹងនោះ បានជ្រើសរើសតួរលេខសម្រាប់ស្វ័យប្រវត្តិកម្មទាំងស្រុង ហើយគ្រាន់តែចុចប៊ូតុងមួយ អាចដំណើរការដោយស្វ័យប្រវត្តិទៅតាមកម្មវិធីដែលយើងបានកំណត់»។
ប្រសិទ្ធភាពពីការកែលម្អជាក់ស្តែងដូចជានៅអគ្គក្រុមហ៊ុន May ១០ បានបង្ហាញថា នៅពេលដែលកម្មករម្ចាស់ការលើបច្ចេកវិទ្យា ផលិតភាពការងារនឹងបង្កើតរបក់គំហើញយ៉ាងខ្លាំងក្លា។ ប្រការនេះ លែងជាកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗទៀតហើយ ប៉ុន្តែបានក្លាយជាត្រីវិស័យ សម្រាប់ចលនាប្រឡងប្រណាំងរបស់កម្មករ និងពលករ ជាពិសេសនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃរដ្ឋធានីហាណូយ។ លោក Lê Đình Hùng អនុប្រធានសហព័ន្ធសហជីពពលកម្មទីក្រុងហាណូយ បានចាត់ទុកថា៖ «ចលនានវានុវត្តន៍និងច្នៃប្រឌិតក្នុងចំណោមកម្មករនិយោជិតនៅរដ្ឋធានី ត្រូវបានរក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងគ្រប់វិស័យទាំងអស់ ទាំងកម្មករ និយោជិត និងពលករ។ ក្នុងនោះ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជួរកម្មករផលិតកម្មនៅតាមសហគ្រាសនានា។ ចលនានេះក៏បានរួមចំណែកលើកទឹកចិត្តដល់កម្មករឱ្យចូលរួមបានកាន់តែប្រសើរ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន ជាពិសេសចំពោះអង្គភាពរបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាពការងារឱ្យកាន់តែប្រសើរឡើង»។
ការកសាងជួរ "កម្មករបញ្ញា" ដើម្បីបំពេញតម្រូវការថ្មីៗ
ដោយឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខ វៀតណាមលែងស្វែងរកកំណើនដោយផ្អែកលើកម្លាំងពលកម្មថោកទៀតហើយ ប៉ុន្តែកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូសេដ្ឋកិច្ចចំណេះដឹង។ ដោយមានអាជីវកម្មជាង ១៧០,០០០ បានអនុវត្តន៍ឧបករណ៍ឌីជីថលទៅក្នុងផលិតកម្មនៅចុងឆ្នាំ ២០២៥ កម្លាំងពលកម្មកំពុងប្រឈមមុខនឹងតម្រូវការក្នុងការផ្លាស់ប្តូរទៅជា "កម្មករបញ្ញា" និង "ពលករជំនាញខ្ពស់"។
យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២៥ ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) វៀតណាមគឺជាប្រទេសដែលមានអត្រាកំណើនផលិតភាពការងារលឿនបំផុតមួយនៅទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែ ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសឈានមុខគេទាំង ៣ នៅអាស៊ានក្នុងផលិតភាពការងារនៅឆ្នាំ ២០៣០ កម្មករវៀតណាមត្រូវតែប្រឈមមុខនឹងតម្រូវការនៃការបណ្តុះបណ្តាលឡើងវិញ និងលើកកម្ពស់ជំនាញឌីជីថល ដើម្បីសម្របខ្លួនទៅនឹង "រោងចក្រឆ្លាតវៃ"។ លោក Than Duc Viet អគ្គនាយកនៃអគ្គក្រុមហ៊ុន May ១០ បានឲ្យដឹងថា៖ «ទាក់ទងនឹងផលិតភាពការងារ យើងបានវិនិយោគយ៉ាងច្រើនលើការបណ្តុះបណ្តាល និងការកែលម្អគុណភាពធនធានមនុស្សសម្រាប់កម្លាំងពលកម្មរួមទាំងផ្នែកប្រយោលដូចជា៖ បច្ចេកទេស បច្ចេកវិទ្យា និងកម្មករចូលរួមផលិតកម្មដោយផ្ទាល់; និងបានវិនិយោគលើការផ្លាស់ប្តូរឌីជីថលអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
កំណើនផលិតភាពការងារនឹងជួយបង្កើនប្រាក់ចំណូលជាក់ស្តែង។ នាពេលនោះ នវានុវត្តន៍ មិនត្រឹមតែដើម្បីបង្កើនផលិតភាពសម្រាប់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងដើម្បីការពារ "តួនាទី" របស់កម្មករនៅក្នុងទីផ្សារដែលមានតម្រូវការកាន់តែតឹងរឹង ដែលបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តកំពុងជំនួសឲ្យមនុស្សនៅក្នុងដំណាក់មួយចំនួនជាបណ្ដើរៗ។ លោក Ngo Duy Hieu អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ «កម្មករនៅតែជាមជ្ឈមណ្ឌលនៃសាមគ្គីភាពក្នុងចំណោមពលករ ដើម្បីធានានូវការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ កម្មករ ជាពិសេសកម្មករបញ្ញា នឹងក្លាយជាកម្លាំងដែលមានផលិតផលច្នៃប្រឌិតជាច្រើន ដើម្បីអនុវត្តការផ្លាស់ប្តូរឌីជីថលជាតិ និងនវានុវត្តន៍»។
ផលិតភាពការងារគឺជាខ្សែផ្លូវដ៏ខ្លីបំផុតសម្រាប់វៀតណាម គេចផុតពីអន្ទាក់ចំណូលមធ្យម។ ប៉ុន្តែខ្សែផ្លូវនោះ ត្រូវការកសាងឡើងពីបាតដៃ និងគំនិតរបស់កម្មកររាប់លាននាក់។ គំនិតផ្តួចផ្តើមរបស់ពួកគេនាថ្ងៃនេះ គឺជាដុំឥដ្ឋដ៏រឹងមាំបំផុត ដើម្បីកសាងប្រទេសវៀតណាមដ៏រុងរឿងនិងស៊ីវិល័យ។ ដូច្នេះ ខែកម្មករឆ្នាំ ២០២៦ មានបេសកកម្មនៃការបំភ្លឺអណ្តាតភ្លើងនវានុវត្តន៍នៅក្នុងកម្មករម្នាក់ៗ៕








